អ្នកដែលអាចបង្កើតគណនី Google+ បានគឺសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ ដែលក្បួនច្បាប់នេះ បានចាប់ផ្ដើមឡើងតាំងពីពេលដែលបណ្ដាញសង្គមនេះបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១០ មកម្លេះ។ ប៉ុន្ដែ យោងតាមសារប័ត៌មាន huffpost បានបង្ហាញថា ចាប់ពីពេលនេះតទៅ Google+ បានអនុញ្ញាតិឲ្យក្មេងៗចូលក្នុង Google+ ដែរហើយ ពោលគឺ ចាប់ពីអាយុ ១៣ឆ្នាំឡើងទៅ ដូច Facebook ដែរ។
មូលហេតុដែល Google+ ពន្យាពេលសម្រាប់អ្នកមិនទាន់គ្រប់អាយុរហូតដល់ពេលនេះ គឺមិនមែនដោយសារក្នុង Google+ មានរឿងផ្ដេសផ្ដាសរបស់មនុស្សពេញវ័យនោះទេ ប៉ុន្ដែមកពី Google ចង់ទុកពេលសម្រាប់កែសម្រួលឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។
ក្រោយពីឆ្លងកាត់រយៈពេលប៉ុន្មានខែដំបូងនៃការសាកល្បង Google បានគិតថា វាសមល្មមនឹងដល់ពេលដែលត្រូវបើកទូលាយជាងមុនហើយ។ លោក Bradley Horowitz ដែលជាប្រធានផ្នែកផលិតផលរបស់ Google បានថ្លែងថា Google ចង់ជួយឲ្យក្មេងៗ អាចកសាងនូវទំនាក់ទំនងដ៏មានអត្ថន័យតាមរយៈអនឡាញ។
គួរបញ្ជាក់ផងដែរថា មុនពេលអនុញ្ញាតិឲ្យក្មេងអាយុ១៣ឆ្នាំឡើង Google បានធ្វើការប្រឹក្សាយោបល់យ៉ាងច្រើនជាមួយនឹងក្រុមអ្នកជំនាញខាងសុវត្ថិភាពកុមារ ដើម្បីការពារកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។
ចាប់ពីពេលនេះតទៅ ក្មេងជំទង់ដែលមានអាយ១៣ ដល់១៨ នឹងអាចមានគណនីដូចគ្នាស្ទើគ្រប់ផ្នែកនៃគណនីរបស់មនុស្សពេញវ័យ។ Google មិនបានដាក់កំហិតខុសគ្នាខ្លាំងរវាងអ្នកក្រោម១៨ និងអ្នកលើស១៨ឆ្នាំនោះទេ ដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់ទាំងអស់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពួកគេទៅកាន់មិត្តភក្ដិ ឬទៅកាន់ពិភពលោកទាំងមូល។
ទោះបីជាមិនមានការបញ្ជាក់ពី Google ក៏ដោយ ក៏គេអាចមើលឃើញយ៉ាងច្បាស់ថា Google កំពុងធ្វើយ៉ាងណាទាក់ទាញអ្នកប្រើប្រាស់ឲ្យបានច្រើន ដើម្បីប្រជែងជាមួយ Facebook។
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















